ព័ត៌មាន

សម្តេចធិបតី៖ រដ្ឋកំពុងសិក្សាធ្វើផ្លូវជិះកង់តាមមាត់សមុទ្រពីខេត្តកែប ទៅខេត្តកោះកុង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល បានកំពុងធ្វើការសិក្សាលើកគម្រោង ធ្វើផ្លូវជិះកង់នៅតាមមាត់សមុទ្រ ដោយចាប់ពីខេត្តកែប ដល់ខេត្តកោះកុង ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ជិះកង់កម្សាន្ត គយគន់តាមមាត់សមុទ្រនោះ។

 

ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធ«វិថីតេជោសន្តិភាពឆ្នេរអង្កោលមានប្រវែងសរុប១២.៦៤៥ ម៉ែត្រ» នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមផែនការរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់ តភ្ជាប់ ខេត្តនៅមាត់សមុទ្រ ដោយថ្ងៃក្រោយ អ្នកអាចជិះកង់ពីខេត្តកែប រហូតដល់កោះកុងតាមមាត់សមុទ្រ បើតាមគម្រោងដែលកំពុងសិក្សានោះ។

 

សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានហ្មត់ចត់លើគម្រោងនេះ (ផ្លូវជិះកង់) ដើម្បីធានាឱ្យការអនុវត្តបានជោគជ័យ ខណៈខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជានេះ មានសក្តានុពលទេសចរច្រើន ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបែបនេះមិនត្រឹមតែជួយដល់លើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការជិះកង់ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

 

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» គឺជាខ្សែផ្លូវទេសចរណ៍ស្របមាត់ទឹកសមុទ្ររបស់ខេត្តកែប ហើយវាបាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារសម្រាប់ខេត្តនេះ ហើយមិនតែប៉ុណ្ណោះវិថីនេះ ក៏មានការរៀបចំផ្លូវជិះកង់ និងផ្លូវថ្មើរជើងប្រកបដោយសោភ័ណភាព និងផាសុកភាពផងដែរ ខណៈការធ្វើនេះគឺសុទ្ធតែជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត លំហែកាយនៅខេត្តកែបកាន់តែច្រើនឡើងបន្ថែមទៀតនោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *