នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិកគណបក្សថ្មី ដែលជាអតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្សនយោបាយនានា ចំនួន ២៣៦៥ នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
សមាជិកគណបក្សដែលសម្តេចតេជោអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីនាព្រឹកថ្ងៃនេះ សុទ្ធសឹងជាសមាជិករបស់គណបក្សនយោបាយដទៃមានដូចជាគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ អតីតគណបក្សសង្គ្រោះជាតិជាដើម ដែលទើបនឹងសម្រេចចិត្តដើរចេញពីបក្សនយោបាយចាស់របស់ពួកគេ ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈលទ្ធផលជាក់ស្ដែង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះតែម្តង សមាជិកគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល នៅតាមមូលដ្ឋានបានសម្រេចចិត្តដើរចេញពីបក្សរបស់ពួកគេប្រៀបដូចទឹកបាក់ទំនប់ ហើយចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តផ្សព្វផ្សាយអំពីការផ្តាច់ខ្លួនរបស់បេក្ខជននៃក្រុមប្រឹក្សាមកពីគណបក្សប្រឆាំងនានាជាប្រចាំដែលបានស្ម័គ្រចិត្ត និងស្នើសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
អតីតអ្នកអ្នកប្រឆាំងទាំងនេះធ្លាប់បានរួមរស់ជាមួយបក្សប្រឆាំងយូរណាស់មកហើយ តែពួកគេបែរត្រូវអស់សង្ឃឹម អស់ជំនឿចិត្តការដឹកនាំបក្សរបស់ថ្នាក់ដឹកនាំ ដែលខ្វះគោលការដឹកនាំល្អ ខ្វះតម្លាភាព បក្ខពួកនិយម។ អ្នកខ្លះទៀត ក៏ស្អប់ខ្ពើមចំពោះនយោបាយជ្រុលនិយមរបស់មេដឹកនាំដែលជាទណ្ឌិតក្បត់ជាតិនៅក្រៅស្រុក និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សដទៃទៀតដែលជាហេតុនាំឱ្យគ្រោះថ្នាក់ដល់សង្គមជាតិ។
បន្ថែមពីលើនោះ ពួកគេសម្រេចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ក៏ព្រោះមើលឃើញពីគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងមក មានគោលនយោបាយដឹកនាំជាតិច្បាស់លាស់ ហើយនាំមកនូវការរួបរួម សន្តិភាព និងការរីកចម្រើនសម្រាប់សង្គមជាតិ។ ពួកគេក៏សម្តែងការពេញចិត្ត និងជឿជាក់ចំពោះការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដោយប្រគល់ការដឹកនាំប្រទេសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីពោរពេញដោយសមត្ថភាព ចំណេះដឹង ឆ្លាតវៃ និងមានឆន្ទៈខ្ពស់ក្នុងការបន្តដឹកនាំសង្គមជាតិឱ្យមានសុខសន្តិភាព ការរួបរួម និងការរីកចម្រើន។
សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សា ឃុំស្រុកខាងលើបានស្ម័គ្រចិត្ត ប្រកាសផ្តាច់ខ្លួនសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺពុំមានការបង្ខិតបង្ខំឬទិញដូរអ្វីឡើយ គឺដោយសារពួកគេអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន និងបានថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ដែលតែងតែញុះញង់មួលបង្កាច់រាជរដ្ឋាភិបាល ដើម្បីតែមហិច្ឆតាល្មោភអំណាច ផ្ទុយពីសច្ចធម៌ប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា៕