ព័ត៌មាន

ប្រធានរដ្ឋសភាម៉ាឡេស៊ី កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ……….

(វៀងចន្ទន៍) ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ នៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul)ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

 

ឯកឧត្តម ហ្សូហារី អាប់ឌុល បានសម្តែងការអបអរសារទរនិងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តម ក៏បានអបអរសាទរសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧នេះ។

 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរសាទរជូនរដ្ឋសភាម៉ាឡេស៊ី ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦ នៅឆ្នាំ២០២៥ ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា សភាកម្ពុជាគំាទ្រនិងទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦នៅម៉ាឡេស៊ី។ សម្តេចប្រធានរដ្ឋសភាមានជំនឿមុតមាំ ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ្សូហារី អាប់ឌុល រដ្ឋសភាម៉ាឡេស៊ី នឹងងទទួលបានជោគជ័យនៅក្នុងការរៀបចំមហាសន្និបាត ដែលជាវេទិកាសភាដ៏សំខាន់នៅក្នុងតំបន់។

 

ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលយ៉ាងខ្លំាងក្នុងវិស័យកសិកម្ម។ ប្រទេសម៉ាឡេស៊ី មានបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើបញ្ហាសុន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុ និងថាមពលករកើតឡើងវិញ។ ប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានស្នើសុំឱ្យសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ី មកសិក្សារៀនសូត្រពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ព្រោះថា កាលពីការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមបានមកចូលរួមសង្កេតការណ៍ ហើយពិនិត្យឃើញថា មានដំណើរការល្អ ដោយរលូន សន្តិវិធី យុត្តិធម៌ និងមិនមានអំពើហិង្សានោះឡើយ។

 

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានរដ្ឋសភា ដែលបានវាយតម្លៃខ្ពស់ចំពោះស្ថានការណ៍ពិតនៅកម្ពុជា។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ដែលបានចួលរួមចំណែកក្នុងការរក្សាសន្តិភាព ស្តារ និងអភិវឌ្ឍនៅកម្ពុជារហូតមក។ ប្រទេសម៉ាឡេស៊ីបានបញ្ជូនកងរក្សាសន្តិភាពទៅកម្ពុជានៅឆ្នាំ១៩៩១ ហើយអ្នកវិនិយោគទុនម៉ាឡេស៊ី បានមកវិនិយោគនៅកម្ពុជាមុនគេ គឺចាប់ពីឆ្នាំ១៩៩៣ មក។ រហូតដល់ពេលនេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បាននិងកំពុងវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យអគ្គិសនី និងធនាគារជាដើម។

 

សម្តេចរដ្ឋសភាធិបតី បានស្នើដល់ឯកឧត្តមប្រធានសភាម៉ឡេស៊ី បន្តកៀរគរអ្នកវិនិយោគទុនទៅកម្ពុជាបន្ថែមទៀត ជាពិសេស ដាក់ទុនវិនិយោគលើឧស្សាហកម្មកែច្នៃអាហារ “ហាឡាល់ (Halal Food) សម្រាប់នាំចេញ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជានិងម៉ាឡេស៊ី ជាសមាជិក នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនេះបានផ្តល់នូវកាលានុវត្តភាពដ៏សំខាន់ក្នុងការពង្រឹកទីផ្សារឱ្យកាន់តែទូលំទូលាយ។ ថ្មីៗនេះប្រទេសទាំងពីរក៏បានព្រមព្រៀងបង្កើតឱ្យមាន “គណៈកម្មការរួមស្តីពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ” ថែមទៀតផង។

 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ហ្សូហារី អាប់ឌុល បានប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងប្រទេសទំាងពីរ ជាពិសេសទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយឡើង ដូចជាការគំាទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាតំបន់ និងពិភពលោកជាដើម៕

——————

 

adm

Leave a Reply

Your email address will not be published. Required fields are marked *