ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ — តាមការគ្រោងទុក នៅក្នុងរង្វង់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ នៅរាជធានីភ្នំពេញ។ នេះបើតាមប្រភពពីលេខាធិកាដ្ឋានដែលបានបង្ហើបកាលពីពេលថ្មីៗកន្លងទៅនេះ។
ប្រភពបានឲ្យដឹងថា ព្រឹត្តិការណ៍ជាអន្តរជាតិមួយនេះ នឹងរៀបចំឡើងក្រោមប្រធានបទ “ដំណើរស្វែងរកសន្តិភាព ការផ្សះផ្សា និងការអត់ឱន” និងមានប្រធានបទរងចំនួនពីរទៀត ដែលរួមមាន ទី១ គឺ ”ការជំរុញនិម្មាបនកម្មសកលនៃសន្តិភាព ការផ្សះផ្សា និងការអត់ឱន៖ ការរួមបញ្ចូលគ្នារវាងរដ្ឋាភិបាល សភា និងសង្គមស៊ីវិល” និងទី២ គឺ “ការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់ការរួមរស់ និងការតភ្ជាប់”។ ព្រឹត្តិការណ៍នេះគ្រោងនឹងបើកឡើងដោយព្រះរាជសាររបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដោយរួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ហើយនឹងបិទកម្មវិធីដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ ធ្លាប់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព ជាអង្គនីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា GCTP (Global Council for Tolerance and Peace)។ ឯកឧត្តមបានបន្តថា អង្គនីតិប្បញ្ញតិ្តនេះ មានតួនាទីលើកកម្ពស់គុណតម្លៃនៃភាពអត់ឱន និងសន្តិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងការទូតអន្តរសភា។
ឯកឧត្តមបានឲ្យដឹងទៀតថា ការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ នឹងប្រែក្លាយមុខមាត់ថ្មីរបស់កម្ពុជា ក្នុងតួនាទីចូលរួមកសាងវប្បធម៌សន្តិភាពក្នុងតំបន់ និងពិភពលោក តាមរយៈការទូតសភា សង្គមស៊ីវិល និងការតភ្ជាប់ប្រជាជននិងប្រជាជន។
ឯកឧត្តមបានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយការទូតសន្តិភាពរបស់កម្ពុជា ដែលមានស្ថាបនិកសន្តិភាពគឺ សម្តេចតេជោ ហ៊ុន សែន បានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិនៅកម្ពុជា បញ្ចប់សង្គ្រាមនៅទន្លេមេគង្គ កសាងសហគមន៍អាស៊ានជាគ្រួសារសន្តិភាព ជាពិសេស ជោគជ័យនៃដំណើរការក្តីនៅតុលាការខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌សង្គម។
គួរបញ្ជាក់ផងដែរថា គោលបំណងនៃការធ្វើជាម្ចាស់ផ្ទះនេះ គឺការដាក់ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលអនុម័ត «ធម្មនុញ្ញសន្តិភាព» ដើម្បីលើកកម្ពស់សន្តិភាព ភាពអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី។ ធម្មនុញ្ញសន្តិភាពគឺជាឯកសារគតិយុត្តអន្តរជាតិមួយ ដែលមានលក្ខណៈបើកចំហ មិនចងកាតព្វកិច្ច និងផ្អែកលើគោលការណ៍សំខាន់ៗរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រាប់ការកសាងទស្សនវិស័យសន្តិភាព តាមរយៈយន្តការ៖ ការបង្ការជម្លោះ ការកសាងដំណើរការសន្តិភាពដោយផ្តល់មធ្យោបាយសម្របសម្រួលជម្លោះ ការកសាងប្រទេសក្រោយសង្គ្រាម ការផ្គត់ផ្គង់សន្តិសុខស្បៀង និងសង្គ្រោះពេលមានអាសន្ន និងការផ្តល់គំរូយុត្តិធម៌អន្តរជាតិ។
សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនេះ មានសមាជិកជាតំណាងសភាមកពីប្រមាណ ១០០ប្រទេស នៅអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិកខាងជើង ដែលរដ្ឋសភាកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០២១៕