សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានប្តេជ្ញារួមគ្នា បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយយកប្រជាជនជាស្នូល សំដៅធ្វើយ៉ាងណាគាំទ្រ និងជំរុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលប្រទេសទំាងពីរបានដាក់ចេញ ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង។
ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយគ្នា នៅវិមានសភាតំណាងប្រជាជនចិន នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពេលដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់។
ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសភាតំណាងប្រជាជនចិនដែលបានទទួលស្វាគមន៍ដល់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត ដែលនេះបានបង្ហាញឱ្យឃើញពីចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំដ៏យូរលង់នៃប្រទេសទំាងពីរ។ សម្តេចបានលើកឡើងថាទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការឱ្យតម្លៃគ្នា ស្មោះត្រង់ សាមគ្គីភាព ដើម្បីផលប្រយោជន៍រួម។
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ចាវ ឡឺជី បានអបអរសាទរចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរដែលបានពូនជ្រំឡើងដោយ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតប្រមុខដឹកនាំចិនមាន ឯកឧត្តម ម៉ៅ សេទុង និងឯកឧត្តម ជូ អេងឡាយ ហើយនៅពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតពិសេសមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» នៅក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេនរបស់កម្ពុជា ជានាយករដ្ឋមន្រ្តីនៃនីតិកាលទី៧នៃរដ្ឋសភា ។
ឯកឧត្តម ចាវ ឡឺជី បានគូសបញ្ជាក់តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង“ច្រករបៀងមច្ឆានិងអង្ករ” ប្រទេសចិននឹងបង្កើនការនាំចូលកសិផលពីកម្ពុជា ជំរុញការ វិនិយោគលើវិស័យថាមពល លើកកម្ពស់ការអភិវឌ្ឍវិស័យសុខភាពសាធារណៈ ផ្លូវថ្នល់ជនបទ វិស័យធនធានទឹក វិស័យអប់រំ និងទេសចរណ៍។
ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំនេះកំណើនទេសចរចិនទៅទស្សនានៅកម្ពុជាបានកើនឡើងប្រមាណ៤៥% ហើយសភាតំណាងប្រជាជនចិន នឹងផ្សព្វផ្សាយ ទាក់ទាញអ្នកវិនិយោគ និងទេសចរចិនឱ្យទៅទស្សនា និងបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទាំងពីរបានឈានដល់កម្រិតមួយខ្ពស់មិនធ្លាប់មាន ស្របពេលឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា “ដើម្បីសម្រេចបានសហគមន៍ជោគវាសនារួម យើងត្រូវមានគុណតម្លៃរួម និងគោលដៅរួម។ គុណតម្លៃរួមសំដៅលើតម្លៃសន្តិភាព វិបុលភាព យុត្តិធម៌ សមភាព និងសុខដុមរមនា។ ជាមួយគ្នានេះ គោលដៅរួមសំដៅលើការបន្ស៊ីគ្នារវាងចក្ខុវិស័យកម្ពុជា ២០៥០ និងគោលដៅសតវត្សរ៍លើកទី២ របស់ចិន ជាពិសេសការជួយគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ“។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ ស្របតាមសភាពការណ៍ជាក់ស្តែង សំដៅបម្រើផលប្រយោជន៍ដល់ប្រជាជនបានកាន់តែច្រើនបន្ថែមទៀតនោះ រដ្ឋសភានៃប្រទេសទំាងពីរ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀមស្តីពីកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋសភាប្រទេសទំាងពីរផងដែរ ដើម្បីជំនួសឯកសារចាស់ដែលបានចុះហត្ថលេខា តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។
ថ្នាក់ដឹកនាំរដ្ឋសភាសភាប្រទេសទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃចំណងការទូតសភាប្រទេសទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋសភាប្រទេសទាំងពីរ ក្នុងការពង្រឹង និងពង្រីកការផ្លាស់ប្តូរបទពិសោធន៍ការងារសភា ជាអាទិ៍ការងារនីតិកម្ម និងវិស័យឌីជីថល លើកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត គ្រប់វិស័យ ដើម្បីនាំផលប្រយោជន៍ជូនប្រទេសទាំងសងខាង ឱ្យបានច្រើនបន្ថែមទៀត៕
——