តបតាមការអញ្ជើញរបស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាននៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចូលជួបពិភាក្សាការងារ ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY។
តាមការឱ្យដឹងពីតំណាងខាងរោងចក្រ GEELY បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ មានរថយន្តក្រឡុកស៊ីម៉ង់ រថយន្តសង្គ្រោះបន្ទាន់ រថយន្តដឹកកុងទីន័រ និងរថយន្តដឹកទំនិញ ជាដើម។ល។ ហើយបន្ថែមពីនេះ ការដំឡើង និងផលិតរថយន្តអគ្គិសនី គឺត្រូវបានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី) (មេតាណុល+អាគុយអគ្គិសនី) ដែលមានលក្ខណៈទំនើប និងសន្សំសំចៃខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះបច្ចេកវិទ្យាផលិត និងការដំឡើងរថយន្តអគ្គិសនីគ្រប់ខ្នាត គ្រប់ប្រភេទរបស់រោងចក្រ។ ជាមួយគ្នានេះ ដើម្បីចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនកសិផលក្នុងវិស័យកសិកម្ម ឯកឧត្តមបណ្ឌិត បានធ្វើការស្នើសុំដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និង/ឬ ធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក (logistics) នៅកម្ពុជា ផងដែរ៕