ក្នុងឱកាសនៃជំនួបលោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។
លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនទាំង១២ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យសក្តានុពលដែលគណៈប្រតិភូចាប់អារម្មណ៍គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ និងត្រៀមផ្តល់កិច្ចសម្របសម្រួល ក៏ដូចជាការលើកទឹកចិត្តដល់ណ្តាក្រុមហ៊ុនវិនិយោគ។
សម្ដេចធិបតីក៏បានគូសរំលេចអំពីគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនូវក្របខ័ណ្ឌសម្រាប់វិនិយោគិនបរទេស ដែលរួមមានដូចជា៖ ការដាក់ចេញនូវច្បាប់ស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, លិខិតបទដ្ឋានគតិយុត្ត និងវិធានការចាំបាច់នានា ជាមួយនឹងកញ្ចប់វិធានការលើកទឹកចិត្ត ដែលបង្កើតនូវបរិយាកាសវិនិយោគ ដែលមានលក្ខណៈអំណោយផល អាចប៉ាន់ប្រមាណបាន និងសម្បូរបែប។
សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូវិនិយោគ បន្តសហការ និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែម និងអាចស្វែងយល់កាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជា៕
——