រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បាន និងកំពុងបន្តផ្តោតយកចិត្តទុកដាក់ខ្ពស់ទៅលើការរៀបចំដែនដីនៅទូទាំងប្រទេស ដោយធ្វើការសិក្សា និងកំណត់អាទិភាពនៃការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប សម្រាប់តំបន់អភិរក្សធនធានធម្មជាតិ តំបន់បេតិកភណ្ឌ តំបន់ឧស្សាហកម្ម និងកសិកម្ម ជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសអញ្ជើញជាអធិបតីនាពិធីបើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅក្រុងសៀមរាបកាលពីពេលថ្មីៗនេះបានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តជំរុញការចុះបញ្ជីដីធ្លីក្នុងខេត្តសៀមរាប ការងាររៀបចំផែនការប្រើប្រាស់ដី និងបទប្បញ្ញត្តិពិសេសអំពីការប្រើប្រាស់ដីធ្លីក្នុងតំបន់ឧទ្យានអង្គរ ដើម្បីជាមូលដ្ឋានសម្រាប់គ្រប់គ្រងដែនដីឱ្យមានប្រសិទ្ធភាព និងកំណត់បទដ្ឋាននគរូបនីយកម្មសមស្រប ក្នុងគោលដៅរក្សាឱ្យបាននូវឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រទេស និងប្រជាជនកម្ពុជា។