ក្នុងឱកាសនៃជំនួប ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព នៃប្រទេសហ្វីលីពីន និង កម្ពុជា។ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក បន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។
សម្ដេចធិបតី និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណ:ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការរវាងអង្គភាព និងអង្គភាព នៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕
——