ក្រោមគំនិតផ្តួចផ្តើមដោយ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានដឹកនាំ និងសហការជាមួយក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ មកពិនិត្យសុខភាពជូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន បានពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ក្រុមគ្រូពេទ្យឯកទេសមកពីសាធារណរដ្ឋកូរ៉េបានពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) និងចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងបានពិនិត្យឈាម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយបានប្រើប្រាស់បរិក្ខារវេជ្ជសាស្រ្តទំនើប និងផ្តល់ឱសថដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សួស យ៉ារ៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំសូមអញ្ជើញមកព្យាបាលទទួលសេវាព្យាបាលដោយឥតគិតថ្លៃឲ្យបានច្រើនកុះករ។
កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក សួស យ៉ារ៉ា តាំងពីឆ្នាំ២០១៣ ដោយមានការគាំទ្រពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា តាមរយៈការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងការបរិច្ចាគនូវសម្ភារៈបរិកា្ខរពេទ្យ និងឱសថដល់មន្ទីរពេទ្យនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថាចំនួនប្រជាពលរដ្ឋដែលបានអញ្ជេីញមកពិនិត្យសុខភាពរយៈពេល ៣ថ្ងៃនេះ គឺមានចំនួន ៤ ១០០នាក់៕