ព័ត៌មាន

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ កោតសរសើរចំពោះការអភិវឌ្ឍល្អ និងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ……..

ក្នុងឱកាសនៃជំនួប ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឯកឧត្តមបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៣។

 

ឯកឧត្តម Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។

 

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការង និង បានអរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យនៃ អ.វ.ត.ក. ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ។

 

ក្នុងន័យនេះ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមអគ្គលេខាធិការងថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនូវយន្តការដ៏សមស្របមួយក្នុងការថែរក្សា និងទុកដាក់នូវឯកសារសំណុំរឿង ដែលមានចំនួនជាង ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិ ដល់ពិភពលោកទាំងមូលសម្រាប់ឱ្យអ្នកជំនាន់ក្រោយ ក្នុងការស្វែងយល់ និងសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងបញ្ចៀសនូវអំពើប្រល័យពូជសាសន៍ដែលអាចកើតមានឡើងនៅលើពិភពលោក។ ឯកឧត្តមអគ្គលេខាធិការរងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ហើយគោរពបញ្ជាក់ជូនសម្តេចធិបតីថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រកម្ពុជាលើកិច្ចការដ៏មានសារ:សំខាន់នេះ។

 

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន និងជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ក្នុងន័យនេះ ដើម្បីឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព គឺយើងទាំងអស់គ្នា ត្រូវរួមគ្នា និងសហការគ្នា ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវរាល់សង្គ្រាម និងជម្លោះ ដែលអាចកើតមានជាយថាហេតុ។

 

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តម Miguel De Serpa Soares និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

———

adm

Leave a Reply

Your email address will not be published. Required fields are marked *