នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។
អគារ Keppel’s Infrastructure@Changi ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផ្តល់នូវដំណោះស្រាយនានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគារនេះគឺជាគំរូសម្រាប់ការរចនាអគារប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគតប្រកបដោយនិរន្តរភាព។
អគារ Keppel’s Infrastructure@Changi មានចំណុចពិសេសៗមួយចំនួន រួមមាន៖ (១) ប្រសិទ្ធភាពថាមពល៖ អគារនេះត្រូវបានរៀបចំយ៉ាងទំនើបលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ (២) ការបង្កើតថាមពលកកើតឡើងវិញ៖ អគារនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីបង្កើតថាមពលកកើតឡើងវិញនៅនឹងកន្លែង (៣) បច្ចេកវិទ្យាឆ្លាតវៃ៖ អគារនេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញាអំពូល LED និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកយានយន្តអគ្គិសនី (៤) ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះរួមបញ្ចូលឧបករណ៍ប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រព័ន្ធស្តុកទឹកភ្លៀង និងសម្ភារៈសម្រាប់ការសាងសង់ប្រកបដោយនិរន្តរភាព និង (៥) អគារបៃតង៖ អគារនេះមានលក្ខណៈបៃតងយ៉ាងទូលំទូលាយ ដែលរួមចំណែកដល់ការបង្កើតបរិយាកាសត្រជាក់ ប្រកបដោយផាសុកភាព៕
——