ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន កម្ពុជា ក្នុងពិធីប្រកាសស្រុកពួក ខេត្តសៀមរាបជាស្រុកអស់មីនកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយថ្ងៃនេះក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចម្រើនជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។