ព័ត៌មាន

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជា ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។

 

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថ្វាយនូវកតញ្ញូត្តាធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូន បងប្អូន និងក្មួយៗ មានពិការភាព ព្រមទាំងជនរួមជាតិទាំងអស់ ក្នុងឱកាសទិវាជនមានពិការភាពឆ្នាំ២០២៣ នេះ ។ សម្តេច ក៏បានរំឮកផងដែរថា ទិវាជនមានពិការភាព ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារនូវសិទ្ធិចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណជាង ១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា, ញាណដឹង និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងក្នុងសកម្មភាពជីវិតប្រចាំថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និង ការធ្វើបរិយាប័ន្នលើគ្រប់សកម្មភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ។ នៅកម្ពុជា, ការប្រារព្ធទិវាជនមានពិការភាពនេះឡើងគឺ ដើម្បីរំលឹកអំពីមហាវិនាសកម្មកើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមរាប់លានតោន ។

 

សម្តេចមហាបវរធិបតី បន្តមានប្រសាសន៍ទៀតថា ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗដែរ គឺបន្តចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អចូលរួមយ៉ាងសកម្មស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាប័ន្នពិការភាពក្នុងគ្រប់វិស័យ ដូចជា ការចូលរួមរបស់ជនមានពិការភាពក្នុងជីវភាពសាធារណៈ, ជីវភាពនយោបាយ, សកម្មភាពសង្គម, វប្បធម៌, សិល្បៈ, សាសនា, កីឡា, ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត ។ រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ ព្រមទាំងបន្តការលើកកម្ពស់សហគ្រិនភាព ដែលជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព ចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពខ្លួន និងគ្រួសារ ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់រៀបចំផាសុកវត្ថុសម្រាប់ជនមានពិការភាព រួមមាន ការរៀបចំជម្រាល, ធ្នាក់ដៃ, ចំណតយានយន្តអាទិភាព, ភាសាសញ្ញា និងផ្លូវដើរសម្រាប់ជនពិការភ្នែក ជាដើម ។ ក្រៅពីនេះ, រាជរដ្ឋាភិបាលបាន និង កំពុងអនុវត្តការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរងគ្រោះ ពិសេសជនមានពិការភាព ដោយរដ្ឋបានចំណាយថវិកាអស់ជាង ១.៣០០លានដុល្លារ សម្រាប់ជនងាយរងគ្រោះចំនួនប្រមាណ ១,៥លានគ្រួសារ ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញផងដែរ ដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ឱ្យធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាពទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ ។

 

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរចំពោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា, ក្រសួងស្ថាប័នពាក់ព័ន្ធ, មូលនិធិជនពិការរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី តាមរយៈទីភ្នាក់ងារអូស្ត្រាលីសម្រាប់អភិវឌ្ឍន៍អន្តរជាតិ, កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ, អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ, ដៃគូអភិវឌ្ឍ, វិស័យឯកជន ជាពិសេស បងប្អូនមានពិការភាព ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនមានពិការភាពទៅក្នុងការអភិវឌ្ឍ ដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃ និងសមត្ថភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាព ។

adm

Leave a Reply

Your email address will not be published. Required fields are marked *