ភ្នំពេញ: មនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ហើយ គិតត្រឹមថ្ងៃទី៣១ ខែមីនាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ១៤នាក់ហើយ។
អ្នកស្លាប់ចំនួន ៣នាក់មានដូចជា:
១. ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដោយសារជំងឺកូវីដ -១៩
តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ ថា យោង -សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដែលរស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦:៥០នាទីល្ងាច ។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបាន រកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយ ស្ត្រីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី
២៧ ខែមីនា ឆ្នាំ២០២១ នេះដែរ ។ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវដ-១៩ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥០នាទីល្ងាច។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។
២. ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំដែលរស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១៤:៤០នាទី រសៀល។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយ មន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើ ក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១
អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូងដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោមផ្អែម ប្រភេទ១ ជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះធ្លាក់ក្នុងស្ថានភាព ធ្ងន់ធ្ងរ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស ដោយរួមផ្សំការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:៤០នាទី រសៀល ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ រលាកសួត សងខាងដោយសារកូវីដ-១៩ លើអ្នកជំងឺ ទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។
៣. ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ដែលរស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៧នាទីព្រឹក ។
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបាន រកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយស្ត្រីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ នេះដែរ ។
អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ទោះបីជាក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់ ក៏បានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង១០ :៣៧នាទី ព្រឹក ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៦ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។