ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងពន្លឿននូវការដោះស្រាយ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ដែលពលរដ្ឋបានអាស្រ័យផល និងរស់នៅយូរឆ្នាំ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ជាមួយទឹកមុខសប្បាយរីករាយ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន និងចាត់ទុកថានេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
អន្តរក្រសួង(ក្រសួងដែនដី, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក, ក្រសួងកសិកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ) និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី បានចុះពិនិត្យសិក្សាលម្អិតបន្ថែមឲ្យម៉ត់ចត់ពីការកាត់ឆ្វៀល និងរំកិលព្រំដីតំបន់២ តំបន់៣ នៅក្នុងស្រុកកំពង់លែង និងតាមបណ្តាស្រុកជាប់ដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជូនប្រជាជន តាមបទបញ្ជាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមិចុនា ឆ្នាំ២០២២ ។
ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងពន្លឿននូវការដោះស្រាយ និងពិនិត្យលទ្ធភាពជាក់ស្តែងដើម្បីកាត់ឆ្វៀលដីតំបន់២ និងតំបន់៣ដែលពលរដ្ឋបានអាស្រ័យផល និងស់នៅយូរឆ្នាំ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ថ្ងៃនេះ ថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះសិក្សាវាយតម្លៃលម្អិត និងកំណត់ដាក់ចេញស្នើសុំកាត់ឆ្វែល រំកិលដីតំបន់២ និងតំបន់៣ ដែលប្រជាពលរដ្ឋបានអាស្រ័យផល និងរស់នៅយូរឆ្នាំមកហើយ ដោយដីតំបន់២ ត្រូវដាក់ជាតំបន់១ និងរំកិលផ្នែកខ្លះនៃផ្ទៃដីតំបន់៣ ដាក់ជាដីតំបន់២វិញ។
ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់ទាំងនោះ បានសំដែងការដឹងគុណ និងសប្បាយចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាជនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានឃើញក្រុមការងារអន្តរក្រសួង និងអាជ្ញាធរស្រុកខេត្ត ចុះមើលពីជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រនីមួយៗ ក្នុងការកាត់ឆ្វៀលចេញពីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងមានប្រជាជនរស់នៅ ដែលបានបង្កើតជាភូមិ ឃុំ មានទីវត្តអារាម ខណៈភូមិខ្លះ បាន កើតមានជាយូរណាស់មកហើយ។
ក្រោយពីចុះជួបប្រជាពលរដ្ឋ ពិនិត្យទីតាំងជាក់ស្តែងរួច ក្រុមការងារអន្តរក្រសួង និងអាជ្ញាធរស្រុកខេត្ត បានកំណត់នូវទីតាំងជាក់ស្តែង ដែលត្រូវកាត់ឆ្វៀល និងរំកិល និងបានធ្វើរបាយការណ៍ស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ ពិចារណា និងសម្រេច ជូនកម្មសិទ្ធិដល់ប្រជាពលរដ្ឋអាស្រ័យផល និងរស់នៅ។
ងាកមកខេត្តពោធិ៍សាត់ឯនេះវិញ ប្រជាពលរដ្ឋចំនួន១២៩១គ្រួសារ ដែលបានអាស្រ័យផលលើដីតំបន់៣ ទំហំប្រមាណ ២២៩១ហិកតានៅក្នុងឃុំចំនួន៨ ស្ថិតក្នុងស្រុកក្រគរ និងស្រុកកណ្តៀង តាំងពីមុនឆ្នាំ២០១២ បានសម្តែងការសាទរ និងសូមថ្លែងអំណរគុណដល់យ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចឆ្វៀលដីតំបន់៣ជូនដល់ពួកគាត់ សម្រាប់ប្រើប្រាស់ធ្វើស្រែចំការ ។
ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានលើកឡើងថាការឆ្វៀលដីតំបន់៣នេះគឺសម្រាប់តែបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅអចិន្រ្តៃយ៍ អាស្រ័យផលរាប់សិបឆ្នាំមកហើយ ចំពោះប្រជាពលរដ្ឋដែលអាស្រ័យផលក្រោយឆ្នាំ២០១២ពុំទទួលបាននោះទេ ការឆ្វៀលដីតំបន់៣ជូនប្រជាពលរដ្ឋគឺជា ការយកចិត្តទុកដាក់ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលសម្តេច តេជោ ហ៊ុន សែន តែងតែគិតគូជាចំបង ។ ចំពោះប្រជាពលរដ្ឋទាំង១២៩១គ្រួសារដែលទទួលបានការឆ្វៀលដីជូនរាជរដ្ឋាភិបាលនឹងចេញជាប័ណ្ណប្រើប្រាស់និងអាស្រ័យផលជូនផងដែរ ហើយបងប្អូនប្រជាពលរដ្ឋអាចចាប់ផ្តើមធ្វើស្រែវិញបាន ដើម្បីអោយទាន់រដូវវស្សា ឯកឧត្តមក៏បានផ្តាំផ្ញើរអោយប្រជាពលរដ្ឋសូមចូលរួមការពារតំបន់ព្រៃលិចទឹក ជាពិសេសសូមកុំលួចកាប់ទន្រ្ទានបន្តទៀត ។
ចំណែកនៅខេត្តកំពង់ធំ ប្រជាពលរដ្ឋរស់នៅតាមក្រុងស្រុកចំនួន៥ក្នុងខេត្តកំពង់ធំ មានភាពសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានឆ្វៀលដីអាស្រ័យផល និងលំនៅដ្ឋានចេញពីតំបន់២មកតំបន់១ ជូនដល់ពួកគាត់ ដែលអនុញ្ញាតឲ្យពួកគាត់បានទាំងអាស្រ័យផល និងក៏អាចធ្វើជាម្ចាស់កម្មសិទ្ធិចំពោះដីទាំងនោះផងដែរ។
ជាមួយទឹកមុខសប្បាយរីករាយ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង និងស្រុកតាំងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការសម្រេចដ៏ត្រឹមត្រូវរបស់សម្តេច និងចាត់ទុកថានេះជាការដឹងសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សូមបញ្ជាក់ថា តាមរយៈសារសំឡេងកាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប ត្រូវកំណត់ជាថ្មីព្រំប្រទល់តំបន់៣ និងតំបន់២ បឹងទន្លេសាប ដោយផ្អែកលើភាពចាំបាច់ និងជាក់ស្តែង ព្រោះបឹងទន្លេសាប មានវិសាលភាពធំទូលាយគ្របដណ្តប់លើខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប និងកំពង់ធំ ដែលមានការលំបាកក្នុងគ្រប់គ្រង ទាមទារឱ្យមានកិច្ចសហការខ្ពស់ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកបឹងទន្លេសាបធានានិរន្តរភាពជីវចម្រុះ៕