ព័ត៌មានសន្តិសុខសង្គម

 អាជ្ញាធរ​សម្រេចដោះសា្រយការជន់លិច កាយ​ផ្តាច់​ផ្លូវ​រំដោះ​ជំនន់​ទឹកភ្លៀង​ដោយគ្រោះ​ធម្មជាតិ…!

ខេត្តកំពង់ឆ្នាំង ៖នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ សហការ​ជាមួយនឹង​ម្ចាស់​រោងចក្រ (​ខេ​ម​ស្ព័ត​ស៊ូ ) ដោយ​សម្រេច​កាយ​ផ្តាច់​កំណាត់​ផ្លូវ​ចូល​រោងចក្រ ដែល​បង្ក​ឱ្យ​ស្ទះ​ចរន្តទឹក​ហូរ​ធ្លាក់​លើ​ផ្លូវជាតិ ។

ដោយសារ​តែ​ស្ថានភាព​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ជំនន់​ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​មក​ពី​ប៉ែក​ខាងលើ មាន​ដូច​ជា ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ជាដើម បាន​ហូរ​ធ្លាក់​ចុះ​មក​កំណាត់​ផ្លូវជាតិ​លេខ​៥ បណ្ដាល​ឲ្យ​ជន់​លិច​កំណាត់​ផ្លូវ​ដោយ​អន្លើ គឺ​ចាប់ពី​គីឡូម៉ែត្រ​លេខ ៣៩ ដល់​លេខ​៤៦ ។ គ្រោះ​ធម្មជាតិ​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ បាន​យកចិត្តទុកដាក់​ក្នុង​ការ ជួសជុល​ផ្លូវ​រង​ការ​ខូចខាត និង​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ ។

លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​បង្គោល​គីឡូ​មែ​ត្រ​លេខ​៤៦ ចំណុច​ផ្លូវ​ចូល​រោងចក្រ «​ខេន​ស្ព័​ត៍ស៊ូ​» មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ គឺ​ខាង​រោងចក្រ​បាន​ធ្វើ​ផ្លូវ​ចូល​រោងចក្រ ដោយ​ដាក់​លូ​តូច​ពេក​មិន​តាម ស្តង់ដា ទើប​បណ្តាល​ឱ្យ​ស្ទះ​មុខទឹក ក៏​ធ្វើ​ឱ្យ​ជន់​លិច​ផ្លូវ​ចូល ហើយ​បន្ត​លិច​លើ​ផ្លូវជាតិ​លេខ​៥ និង​ធ្វើ​ឱ្យ​ស្ទះចរាចរណ៍​ទៀត​ផង ។

លោក​បន្ត​ថា ហើយ​នៅ​ថ្ងៃនេះ ដោយសារ​ជា​ថ្ងៃអាទិត្យ ក៏​ឆ្លៀតពេល​កម្មករ​ឈប់​សម្រាក ទើប​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ បាន​សម្រេច​កាយ​ផ្ដាច់​ផ្លូវ​ចូល​មុខ​រោងចក្រ ដើម្បី​បើកមុខ​ទឹក​ឱ្យ​ធំ ដើម្បី​ឱ្យ​ទឹក​ហូរ​ចុះ​ក្រោម​ទាន់​ពេលវេលា ។ បន្ទាប់​មក នឹង​ដាក់​ស្ពាន​បេ​ឡេ​ជំនួស​ជា​បណ្តោះអាសន្ន​វិញ ដើម្បី​សម្រួល​ដំណើរការ​ឱ្យ​រថយន្ត​ដឹក​កម្មករ​ចេញ​-​ចូល​រោងចក្រ​បាន ហើយ​ការងារ​នេះ​នឹង​ធ្វើ​រយៈពេល​តែ​មួយ​ថ្ងៃ​ឱ្យ​ហើយ ដើម្បី​ថ្ងៃ​ចន្ទ កម្មករ​នឹង​អាច​ធ្វើ​ដំណើរ​ចូល​រោងចក្រ​ជា​បណ្តោះ​អាស​ន្ត​វិញ ។ ចំណែក​ខាង​រោងចក្រ​ក៏​បាន​សន្យា​សាងសង់​ស្ពាន ឬ​លូ​លើ​ផ្លូវ​ចូល​រោងចក្រ​ឱ្យ​ធំ ដើម្បី​មិន​ឱ្យ​ស្ទះ​ទឹក​ដូច​ឆ្នាំ​នេះ​ឡើយ ។

លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ម្សិលមិញ​នេះ​ថា លោក និង ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ព្រមទាំង​ក្រុមការងារ​សាងសង់​ផ្លូវជាតិ​លេខ ៥ របស់​ជប៉ុន បាន​ព្យាម​យាម​ដឹក​កំទេច​ថ្ម​មក​ចាក់​ក្រាល​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩ និង​លេខ​៤០ រួច​យក​គ្រឿងចក្រ​ជាន់​បង្ហាប់ ដើម្បី​សម្រួល​ចរាចរណ៍​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន​ដែរ ដែល​ការងារ​នេះ យើង​សម្រេច​ធ្វើ​បាន​ប្រវែង​៥៩០​ម៉ែត្រ ដែល​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ស្រួល ហើយ​ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​នូវ​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ ។

ក្រៅពី​ការ​ជួសជុល​កំណាត់​ផ្លូវ​ជា​បណ្តោះអាសន្ន​របស់​មន្ត្រី​ជំនាញ ក៏​នៅ​មាន​ក្រុម សស​យក និង មន្ត្រី​ន​របាល បាន​សហការ​គ្នា​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ត្រង់​ផ្លូវ​លិច​ទឹក​ផង​ដែរ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *