ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញអធិបតីភាព បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល នៅខណ្ឌសែនសុខ ។

 

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

 

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដើម្បីពង្រីកការផ្ដល់សេវាសុខភាព ការបណ្ដុះបណ្ដាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋ នាពេលបច្ចុប្បន្ន ដើម្បីធានាបាននូវសុខភាពល្អ ។

 

-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ និងអ្នកគ្រូពេទ្យនាពេលកន្លងមក ដែលបានយកចិត្តទុកដាក់ ខ្ពស់ចំពោះការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋនោះ។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសជាថ្មីម្តងទៀតថា ធនធានមនុស្សគឺជា កត្តាអាទិភាពធំជាងគេ សម្រាប់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺចាត់ទុកធនធានមនុស្សគឺជាទ្រព្យសម្បត្តិយ៉ាងធំ។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ៖យើងចង់បានគោលនយោបាយសុខាភិបាលដែលរឹងមាំ គឺយើងត្រូវដាក់ចេញនូវគោលនយោបាយជាក់ស្ដែង គឺមិនមែនគ្រាន់តែចង់ហើយមិនធ្វើនោះទេ ខណៈមកដល់ម៉ោងនេះ កម្ពុជាមានមន្ទីរពេទ្យបង្អែក ១២៥ កន្លែង។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងពង្រីកការផ្តល់សេវាសុខាភិបាលបន្ថែមទៀត ពោលគឺឲ្យគ្រប់ច្រកល្ហកទាំងអស់ ខណៈរាជរដ្ឋាភិបាលបានចាត់ទុកមនុស្សដែលមានសុខភាពល្អ គឺអាចជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលបង្កើត របបសន្ដិសុខសង្គម ប.ស.ស គឺដូចជាការបង្កើតបណ្ណធានារ៉ាប់រងសុខភាពសម្រាប់ប្រជាពលរដ្ឋ និងមន្រ្ដីរាជការ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការចំណាយថ្លៃ សម្រាកព្យាបាលថ្លៃនៅមន្ទីរពេទ្យពេលត្រូវការសេវាព្យាបាល។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រយៈពេលជាងមួយឆ្នាំ គិតមកដល់បច្ចុប្បន្ន មានបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនជិត ៦០ ម៉ឺននាក់ បានចូលរួមជាសមាជិករបបសន្ដិសុខសង្គម ប.ស.ស។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានពង្រីកសេវាសុខាភិបាល មណ្ឌលសុខភាព ទៅដល់មូលដ្ឋានភូមិ ឃុំ អស់ហើយ ប៉ុន្ដែឥឡូវអ្វីដែលត្រូវពង្រឹងនោះ គឺគុណភាពក្នុងការផ្ដល់សេវាល្អដល់ប្រជាពលរដ្ឋ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងពង្រឹងបន្ថែមទៀត។

 

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ មន្ទីរពេទ្យហ្លួងម៉ែ នឹងក្លាយជាមន្ទីរពេទ្យដែល មានឯកទេសព្យាបាលជំងឺមហារីកនាពេលឆាប់ៗខាងមុខនេះ។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានជំរុញឱ្យធ្វើទំនើបកម្មក្នុងការពិគ្រោះយោបល់ព្យាបាល ឬវះកាត់ពលរដ្ឋ ដែលមានជំងឺនៅតាមបណ្ដាខេត្ត ឱ្យបានទាន់ពេលវេលា ក្នុងនោះក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅធ្វើយ៉ាងណាផ្ដល់សេវាល្អ ព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បន្តផ្ដល់អាទិភាពដល់វិស័យសុខាភិបាល និងវិស័យអប់រំ ខណៈសម្ដេចបានផ្ដល់គោលការណ៍ដល់ក្រសួងសុខាភិបាល ក្នុងការជ្រើសរើសគ្រូពេទ្យបន្ថែម សម្រាប់បម្រើការនៅតាមបណ្ឌលសុខភាពនៅតាមភូមិ ឃុំ ឱ្យបានគ្រប់គ្រាន់។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការគ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលចំពោះការលក់ចំណីអាហារដល់កុមារតូចៗ នៅតាមសាលារៀន ជាពិសេសប្រភេទភេសជ្ជផ្អែម។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដាំមិនឱ្យមានការជ្រើរើសនិស្សិតពេទ្យជាប់ ដោយមិនមានការប្រឡងឡើយ។ សម្ដេច ណែនាំដល់និស្សិតពេទ្យ ត្រូវចង់ចាំថា គ្រូពេទ្យកំពុងដើរតួនាទី ជាទេវាតាសង្គ្រោះពលរដ្ឋ ដែលមានជំងឺ ដូច្នេះត្រូវប្រកាន់ភ្ជាប់នូវជំនាញបច្ចេកទេស និងក្រមសីលធម៌ វិជ្ជាជីវៈ។

 

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសស្វាគមន៍ចំពោះវិស័យឯកជនដែលចង់ វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការវិនិយោគរបស់វិស័យ ឯកជនក្នុងផ្នែកសុខភាពសាធារណៈនេះ ត្រូវតែធានាឱ្យបាននូវគុណភាព។

 

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ស្នើទាំងវិស័យឯកជន និងរដ្ឋ ត្រូវវិនិយោគទៅលើការបណ្ដុះបណ្ដាលបន្ថែមដល់គ្រូពេទ្យឱ្យបានច្រើន ដើម្បីរួមគ្នាជួយការពារថែរក្សា ព្យាបាលដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាព និងគុណភាពរឹតតែល្អបន្ថែមទៀត។

adm

Leave a Reply

Your email address will not be published. Required fields are marked *