ព័ត៌មាន

ដែនកំណត់នៃសេរីភាពបញ្ចេញមតិពិតជាមានចែងទាំងក្នុងច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិ

រហូតមកទល់ពេលនេះនៅតែមានអ្នកបកស្រាយអំពីសេរីភាពបញ្ចេញមតិដោយលាក់បាំងមិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាពដែលកំណត់ដោយច្បាប់ជាតិក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជាដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត ខ្ញុំសូមបង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

 

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។

 

មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បី៖ (ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ) ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ។

 

មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិដដែលចែងថា ការប្រើប្រាស់សិទ្ធិនេះអាចមានការរិតត្បិតដែលកំណត់ដោយច្បាប់តែប៉ុណ្ណោះនិងដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ក្នុងផលប្រយោជន៍នៃសន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ការការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការការពារសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ មាត្រានេះមិនរារាំងដល់ការរិតត្បិតខាងផ្លូវច្បាប់លើសមាជិកយោធាឬនគរបាលក្នុងការប្រើប្រាស់សិទ្ធិនេះទេ។

 

នៅកម្ពុជា អ្នកតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សមួយចំនួនមិនដែលលើកយកដែនកំណត់និងការទទួលខុសត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយមកនិយាយម្តងណាឡើយ ពោលគឺពួកគេនិយាយតែពីសិទ្ធិសេរីភាពគ្មានព្រំដែន។ ការមិនព្រមលើកយកការទទួលខុសត្រូវ និងដែលកំណត់ដោយច្បាប់ និងដោយកតិកាសញ្ញាអន្តរជាតិមកនិយាយ គឺជាចេតនាមិនល្អដើម្បីទុកចន្លោះកេងចំណេញបម្រើឱ្យរបៀបវារៈនយោបាយដែលលាក់នៅពីក្រោយខ្នងដែលធ្វើឱ្យមានការភាន់ច្រឡំមកលើរាជរដ្ឋាភិបាលនៅពេលមានចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលដែលបំពានច្បាប់។

 

ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយសីលធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ សូមអ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយមានសេចក្តីក្លាហានក្នុងការនិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ ដែលកំណត់ដោយច្បាប់ជាតិនិងកតិកាសញ្ញាអន្តរជាតិឱ្យបានទូលំទូលាយ។ ការលាក់បាំងការពិតនិងព្យាយាមការពារអ្នកប្រព្រឹត្តខុសច្បាប់មិនត្រឹមតែមិនបានផ្តល់ប្រយោជន៍ដល់ប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាការលើកទឹកចិត្តឱ្យមានការបំពានច្បាប់និងបំពានសិទ្ធិអ្នកដទៃដែលជាប្រភពនៃភាពអនាធិបតេយ្យក្នុងសង្គមទៅវិញទេ៕

 

អត្ថបទដោយ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

adm

Leave a Reply

Your email address will not be published. Required fields are marked *