រដ្ឋលេខាធិការក្រសួងបរិស្ថានលោក ឆេង គឹមស៊ុន បានលើកឡើងថា ប្រជាពលរដ្ឋដែលបានចូលរួមដើរកម្សាន្តនៅរាជធានីភ្នំពេញ នាឱកាសបុណ្យអុំទូកឆ្នាំនេះ បានដាក់ទុកសំរាមមានសណ្តាប់ធ្នាប់ជាងឆ្នាំមុនៗ ដែលបង្ហាញពីការយល់ដឹងរបស់ពលរដ្ឋកាន់តែប្រសើរឡើង។ លោក ឆេង គឹមស៊ុន បានថ្លែងបែបនេះ នាឱកាសផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅមុខព្រះបរមរាជវាំង ដែលជាថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ លោកមានប្រសាសន៍ថា ឆ្នាំ ២០២៣ ជាឆ្នាំដំបូងដែលក្រសួងបរិស្ថាន បានរៀបចំប្រទីប ដើម្បីបង្ហាញពីសមិទ្ធផលរបស់ខ្លួនក្នុងកិច្ចការងារបរិស្ថាន។ លោកបានឱ្យដឹងថា ដោយផ្អែកលើភាពស្អាត អនាម័យ បរិស្ថាននៅកម្ពុជា ក្រសួងបរិស្ថាន បានសហការជាមួយកងកម្លាំងស្ម័គចិត្ត យុវជនស្ម័គ្រចិត្ត និងអង្គការដៃគូមួយចំនួន បានរៀបចំអប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ទុកដាក់កាកសំណល់រឹង ដើម្បីឱ្យមានសណ្តាប់ធ្នាប់។
Author: adm
ប្រាក់ចំណេញឧស្សាហកម្មចិនមានកំណើនយឺត តម្រូវឱ្យមានគោលនយោបាយលើកទឹកចិត្តបន្ថែម
ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានបន្តកើនឡើងក្នុងខែតុលានេះ ប៉ុន្តែស្ថិតក្នុងអត្រាយឺត បើធៀបនឹងខែមុន ដោយបានកើនឡើងចំនួន ២,៧% ធ្លាក់ចុះពី ១១,៩% ក្នុងខែកញ្ញា និង ១៧,២% ក្នុងខែសីហា។ តួលេខនេះបានបង្ហាញថា ទីក្រុងប៉េកាំងត្រូវផ្តល់ការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនឧស្សាហកម្មចិនបានធ្លាក់ចុះសរុប ៧,៨%។ យ៉ាងណាក៏ដោយ តួលេខនេះមានការប្រសើរឡើងបន្តិច បើធៀបនឹងរយៈពេល ៩ ខែមុនដែលបានធ្លាក់ចុះរហូតដល់ទៅ ៩%។ បញ្ហាប្រឈមជាច្រើនដែលចិនកំពុងជួបប្រទះនៅពេលនេះរួមមានបញ្ហានៅក្នុងវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក កំណើនអតិផរណាសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម។ កត្តាទាំងអស់នេះបានរាំងស្ទះដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិនក្រោយវិបត្តិកូវីដ១៩។ ប្រភពព័ត៌មាន៖ Reuters
ក្រុមហ៊ុនមេ TikTok គ្រោងដកខ្លួនចេញពីវិស័យហ្គេម ដោយសារការរឹតបន្តឹងក្នុងប្រទេសចិន
ថ្មីៗនេះក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានឱ្យដឹងថា ខ្លួននឹងរៀបចំរចនាសម្ព័ន្ធអាជីវកម្មហ្គេម Nuverse របស់ខ្លួនឡើងវិញ ហើយទំនងជានឹងដកខ្លួនចេញពីវិស័យហ្គេមតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ Nuverse ត្រូវបានគេស្គាល់ថា ជាភ្លេតហ្វមហ្គេមដ៏ពេញនិយមរបស់ក្រុមហ៊ុន ByteDance ដែលត្រូវបានដាក់ដំណើរការនៅក្នុងឆ្នាំ២០២១ ហើយក៏ជាភ្លេតហ្វមហ្គេមប្រកួតប្រជែងជាមួយ Tencent និង NetEase ផងដែរ។ យ៉ាងណាមិញជុំវិញមូលហេតុដកខ្លួនចេញពីហ្គេម Nuverse នេះមិនត្រូវបាន ByteDance បញ្ជាក់នោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងបណ្តាលមកពីបទបញ្ញត្តិនៃការរឹតបន្តឹងផ្សេងៗក្នុងប្រទេសចិន។ ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា ByteDance កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនហ្គេមរបស់ខ្លួន និងមានគម្រោងបិទក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងមិនមានគម្រោងវិលត្រឡប់ទៅកាន់ទីផ្សារហ្គេមដែលមានតម្លៃប្រមាណ ១៨៥ពាន់លានដុល្លារនោះវិញនោះទេ៕
សម្ដេចតេជោហ៊ុនសែនអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី៣!
ថ្ងៃទី២៨ វិច្ឆិកានេះ គឺជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីការខកខាន់នៃព្រះរាជពិធីនេះរយៈពេល៣ឆ្នាំកន្លងទៅ។ រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ។ ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ។ សូមជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ៕
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប
និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃមកនេះមានភ្ញៀវទេសចរបានមកកម្សាន្តជិត ៣លាននាក់ គឺថ្ងៃទី១មានចំនួនជាង ១លាន ២សែននាក់ និងថ្ងៃទី២ មានជាង១លាន ៧សែននាក់។ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាពក៏មានល្អប្រសើរ រីឯបរិស្ថានអនាម័យក៏មិនចោទជាបញ្ហាផងដែរ ភ្នាក់ងារសម្អាតបានយ៉ាងល្អ ដោយក្នុងតំបន់ព្រះរាជពិធីមានកាកសំណល់ប្រមាណជាង ២០០តោន ត្រូវបានប្រមូល និងដឹកចេញ។
លោកបណ្ឌិត ថោង ខុន ដាក់ចេញផែនការយុទ្ធសាស្ដ្រ ៤ចំណុច ដើម្បីជំរុញការអភិវឌ្ឍកីឡាគុនខ្មែរលើឆាកអន្ដរជាតិ
លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ។ ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកទេសរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូកីឡា និងកីឡាករ-កីឡាការិនីគុនខ្មែរ ដែលបានអញ្ជើញចូលរួមក្នុងប្រកួតកីឡាគុនខ្មែរជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ នៅកម្ពុជា។ លោកបណ្ឌិត ថោង ខុន បានថ្លែងថា «រាត្រីនេះ ជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់គុនខ្មែរ ក្នុងការរៀបចំការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ នៅលើទឹកដីអច្ឆរិយអង្គរ។ ឆ្នាំ២០២៣ ជាជោគជ័យដ៏ធំធេងសម្រាប់គុនខ្មែរជាមួយនឹងការដាក់បញ្ចូលទៅក្នុងធម្មនុញ្ញស៊ីហ្គេម និងបានបញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ មានសន្តិភាព ទើបមានបុណ្យអុំទូកដ៏សប្បាយរីករាយនាពេលនេះ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានលើកឡើងឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករបានចូលរួមពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយនៅមុខព្រះបរមរាជវាំងនិងទីកន្លែងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។ នៅតាមបណ្តាខេត្តនានាក៏ទទួលបានភ្ញៀវជាតិ និងបរទេសយ៉ាងច្រើនដែរ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា តាមរយៈពិធីបុណ្យប្រពៃណីដ៏ធំនេះធ្វើឡើងដើម្បីរម្លឹកវីរភាពកងទ័ពជើងទឹក គុណព្រះគង្គា និងព្រះធរណី។ ប៉ុន្តែបច្ចុប្បន្នបុណ្យអុំទូកក៏ជាឱកាសរម្លឹកគុណសន្តិភាពដែរពីព្រោះពិធីបុណ្យដ៏ធំនិងដ៏សប្បាយរីករាយនេះមិនអាចប្រារព្ធធ្វើបានទេក្នុងកំឡុងពេលដែលប្រទេសកើតសង្គ្រាម និងក្នុងរបបខ្មែរក្រហម។ ក្តីសប្បាយរីករាយកើតមានតែនៅក្រោមម្លប់សុខសន្តិភាពតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងទតការប្រណាំងទូកង នៅមុខព្រះបរមរាជវាំង
នៅល្ងាច ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការប្រណាំងទូក ង បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ។ ព្រះរាជពិធីនេះ ក៏មានការយាង អញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕
នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក ៖ប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយជាង ១លាន២សែននាក់
ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដែលមានប្រជាពលរដ្ឋមកចូលរួមកម្សាន្ត សប្បាយ យ៉ាងច្រើនកុះករ ប្រមាណ ១ ២០០ ០០០នាក់។ ក្នុងព្រះរាជពិធីបុណ្យអុំទូក កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១៦,០០០នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
រថយន្តដឹកក្រុមឆៃយ៉ាំធ្លាក់ពីលើភ្នំគូលែន ស្លាប់មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់
រថយន្តដឹកក្រុមឆៃយ៉ាំបានធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ ( ស្រី ២នាក់ និងប្រុស ៤នាក់) និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ស្រី ១០នាក់ , ប្រសុ ៦នាក់)។ បើតាមលោកអធិការស្រុកស្វាយលើ យឹប យ៉ុងឈាង បានឲ្យដឹងថា នៅវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកពីបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង ដោយបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់។ ហើយអ្នករងគ្រោះបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។