ព័ត៌មាន

រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជននានា ក្នុងការចូលរួមជួយគាំទ្រក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជនមានដូចជា ម៉ាស និងថវិកា ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
សូមជម្រាបថា អំណោយដែលសប្បុរសជន បាននាំយកមកផ្តល់ជូនរដ្ឋបាលខេត្តកណ្ដាលនាពេលនេះរួមមាន៖ ១-លោកអគ្គនាយក សណ្ឋាគារ YONG YUAN បានជួយឧបត្ថម្ភម៉ាស់ចំនួន ១០ម៉ឺនម៉ាស និងថវិកា ៤០លានរៀល។ ២-លោកឧកញ៉ា សុខ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន អចលនទ្រព្យ សូនីន បានជួយឧបត្ថម្ភ ម៉ាស់ចំនួន ២០កេសធំ និងថវិកាចំនួន ២០លានរៀល។
ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយជាសម្ភារ: និងថវិកា ឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឲ្យការងារ ប្រយុទ្ធប្រឆាំង និងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកណ្ដាល។
ឯកឧត្តម បានចាត់ទុកថា កាយវិការមនុស្សធម៌របស់ លោក ឧកញ៉ា និង លោក លោកស្រី នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលរដ្ឋបាលខេត្តកំពុងតែត្រូវការជាចាំបាច់។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកតាមគោលដៅ ដែលធ្វើការងារពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទាំងអស់ ឯកឧត្តម ក៏បានជូនពរដល់បងប្អូនសប្បុរសជនទាំងអស់ឲ្យមានសេចក្ដីសុខចម្រើន ហើយរដ្ឋបាលខេត្ត មានសេចក្តីរីករាយ ស្វាគមន៍ជានិច្ចចំពោះការចូលរួមជួយគាំទ្របន្ថែមទៀតពី សប្បុរសជនទាំងអស់ផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
adm

Leave a Reply

Your email address will not be published. Required fields are marked *