ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

ក្រសួងបរិស្ថាន ដុតកម្ទេចចោលឧបករណ៍អាវុធកែច្នៃ និង អន្ទាក់ គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង

ក្រសួងបរិស្ថាន បានធ្វើការដុតកម្ទេចចោលនូវ ឧបករណ៍អាវុធកែច្នៃ និង អន្ទាក់ គ្រប់ប្រភេទ ដើម្បីការពារ និងអភិរក្សសត្វព្រៃ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២ ។ ដោយយុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃ គណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី ឯកឧត្តម លោក ជំទាវ ដែលជាគណៈប្រតិភូក្រសួងបរិស្ថាន គណៈអភិបាល ក្រុង/ស្រុក នឹង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់។ ពិធីនេះបានប្រព្រឹត្តទៅ នៅភូមិ សៀមបូក ឃុំ សៀមបូក ខេត្តស្ទឹងត្រែង ។
បើតាមការឲ្យដឹងពី លោក ស្រេន ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឲ្យដឹងថា÷សម្រាប់ វត្ថុតាងដែលត្រូវកម្ទេចចោលនៅថ្ងៃនេះ រួមមាន៖ កាំភ្លើងកែច្នៃ (ខ្យល់)៣១ដើម* កាំភ្លើងកែច្នៃ (កាបិន) ៦៤ដើម* ស្នាតេះ ៦១ដើម*ក្បាលឆក់ ៧១គ្រឿង* ខ្សែអន្ទាក់ ៣.៣២៧ខែ្ស*ម៉ងដាក់ស្វា ២៦ត្បូង * ដាយ ៦០ម៉ែត្រ* អង្គប់ ៥៨ អង្គប់
ក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ៖យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្ដម សាយ សំអាល់ បន្តថា៖ វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវ ការបរិភោគសត្វព្រៃ ទើបជំរុញឲ្យមានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ។ ដោយនេះបញ្ហារួមមួយ ដែលក្រសួងបរិសា្ថន គិតគូរបង្ការ និង ទប់ស្កាត់ នូវសកម្មភាព ការដាក់អន្ទាក់យកសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិដែលសំខាន់ៗ ដើម្បីកុំឲ្យមានការកើនឡើងនូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត។
ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់នឹងរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរណ៏មកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។
adm

Leave a Reply

Your email address will not be published. Required fields are marked *