ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ​​៣​នាក់ ដែលបើកកង់បីគេចផ្អើលដូចរឿងហុងកុង..!

រាជធានីភ្នំពេញ ៖ហេតុការណ៍​​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១២និង​៣០​នាទី​រំលងអា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១ នៅ​ក្នុងភូមិ​១៦ (​ហៅ​ផ្សារ រន្ទះបាញ់ ) សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន ​ក្នុងនោះម្នាក់​ឈ្មោះ អ៊ឹម យូ​សែ​ប ភេទប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​លេខ​B2 ផ្លូវ​បេតុង ភូមិ​បុរី​កម្មករ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​អ្នក​បើក​ម៉ូតូ​កង់​បី មាន​សារធាតុ​ញៀន ​និងម្នាក់ទៀត​​ឈ្មោះ អឿ សម្បត្តិ ភេទប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល ផ្លូវ​១៥៤ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ មាន​សារធាតុ​ញៀន ។ ដោយឡែក​ជនសង្ស័យ​ម្នាក់​ទៀតដែល​​រត់គេច​​ខ្លួន​ចូល​ផ្ទះ​បាត់ ​មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គឺ​កម្លាំង​សមត្ថកិច្ច​នៃ​អធិកា​ររដ្ឋាន​ខណ្ឌចំការ​មន បាន​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ក្រែង​មាន​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​​ជួបជុំ​គ្នា​ផឹកស៊ី​ល្មើស​នឹងបម្រាម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ស្រប​ពេល​សមត្ថកិច្ច​ល្បាត​មក​ដល់​ផ្លូវ​សុធារស ចំនុច​មុខ​ផ្សារ​អ៊ី​អន​១ ក៏​ប្រទះ​ឃើញ​បុរស​៣​នាក់ កំពង់​ឈរ​ក្បែរ​កង់​បី​ឥណ្ឌា​ ពណ៌​ស​មួយ​គ្រឿង គ្មាន​ស្លាក​លេខ ហើយ​ធ្វើ​សកម្មភាពហុច​របស់​អ្វី​ម្យ៉ាង​អោយ​គ្នា​ដោយ​លាក់​លៀម​ៗ​​គួរ​សង្ស័យ បន្ទាប់មក​សមត្ថកិច្ច​ក៏​ចូល​ទៅ​សួរនាំ ស្រាប់តែ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ គ្រាន់តែ​ឃើញ​សមត្ថកិច្ច ក៏​បើក​កង់​បី​ជិះ​គេច​​យ៉ាង​លឿន​។ ដោយ​មានការ​សង្ស័យ ​សមត្ថកិច្ច​ក៏​ជិះ​ម៉ូតូ​ប្រដេញ​តាម​ឃាត់​សួរនាំ តែ​ត្រូវ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ មិន​ព្រម​ឈប់ និង​បន្ត​បើក​គេច​ផ្អើល​អស់​មួយ​ចំហៀង​ខណ្ឌចំការមន ។

តាម​ប្រភព​ដដែលបាន​បន្ត​ទៀត​ថា លុះសមត្ថកិច្ច​តាមរហូត​មក​ដល់​ក្រោយ​មន្ទីរពេទ្យ​រុ​ស្ស៊ី ​ស្រាប់តែ​ជនសង្ស័យ​បត់​ម៉ូតូ​កង់​បី​ត្រឡ​ប់​ក្រោយ​វិញ សំដៅ​មក​ដល់​ផ្សារ​ទួល​ទំពូង នៅ​តែ​មិន​ព្រម​ឈប់ទៀត​ ហើយ​សមត្ថកិច្ច​នៅ​តែ​បន្ត​ប្រដេញ​តាម ក៏​ត្រូវ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ យក​ដុំ​ថ្ម​ដែល​លាក់​ទុក​ក្នុង​ម៉ូតូ​កង់​បី គប់​សំដៅ​មក​សមត្ថកិច្ច ត្រូវ​រង​របួសស្រាល​ហើយ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ បាន​លើក​ធុងបាស គប់​សំដៅ​ទៅ​លើ​សមត្ថកិច្ច​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស និង​បន្ត​បើក​រត់ និង​កៀរ​ផ្តួល​ម៉ូតូ​សមត្ថ​កិច្ច ដួល​ច្រើន​គ្រឿង​រង​របួសធ្ងន់​និង​ស្រាល​ ហើយ​ជនសង្ស័យបើកកង់បី​រហូត​មក​ដល់​ក្នុងភូមិ​១៦​ចំនុច​ផ្សារ​រន្ទះបាញ់ ទើប​ជនសង្ស័យ​ទាំង​៣​នាក់ ក៏​ព្រម​ឈប់ ផ្អើល​អស់​ប្រជាពលរដ្ឋ​ក្នុងភូមិ ស្មាន​តែ​ជា​ចោរ ក៏​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង រង​របួស ស្រាល ភ្លាម​ៗ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​ចូល​ក្នុងផ្ទះ​ខ្លួន​នៅ​ជិត​នោះ ចំណែក​សាច់ញាតិ​​បាន​ចេញ​មក​ជេរ​ស្តី​ និង​រារាំង​សមត្ថកិច្ច មិន​អោយ​ឃាត់ខ្លួន​កូន​ខ្លួនឡើយ​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និងម៉ូតូ​កង់​បី​១​គ្រឿង នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់អធិកា​ររ​ដ្ឋាន​​ខណ្ឌចំការមន ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *