ព័ត៌មាន

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួនទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងជិតស្និទរវាងប្រទេសទាំងពីរ ហើយសម្ដេច ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុន មកលើដំណើរការអភិវឌ្ឍប្រទេសកម្ពុជា នៅក្នុងរយៈពេលកន្លងមក។
ជាការឆ្លើយតប ឯកឧត្តម MIKAMI Masahiro ក៏បានវាយតម្លៃជារួមប្រកបដោយភាពវិជ្ជមាន ទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងដំណាក់កាលនៃបញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩នេះ។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេច អំពីការចូលរួមចំណែករបស់រដ្ឋាភិបាលជប៉ុន ក្នុងការជួយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការជួយគាំទ្រលើកកម្ពស់សុខមាភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលធ្វើឡើងតាមរយៈជំនួយផ្នែកសុខាភិបាលផ្សេងៗ មានទាំងឧបករណ៍សម្ភារបំរើឱ្យវិស័យសុខាភិបាល និងកម្ចីហិរញ្ញប្បទានបំរើដល់កិច្ចដំណើរការនយោបាយសង្គមនានារបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ-១៩។
បន្ថែមពីនេះ ឯកឧត្តម ក៏បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស ដោយបានលើកឡើងបន្ថែមថា ថ្វីដ្បិតតែមានបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ ក៏ប៉ុន្តែរដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងសមត្ថភាព តាមរយៈការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលនានាដល់មន្រ្តីក្រសួងមហាផ្ទៃ។ ជាងនេះទៅទៀត ឯកឧត្តមសង្ឃឹមថានឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីធ្វើយ៉ាងណាបន្តបណ្ដុះបណ្ដាលធនធានមនុស្សល្អៗ និងជាមន្ដ្រីវ័យក្មេង សម្រាប់ចូលរួមក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជាផងដែរ។
ចំពោះការលើកឡើងដូចនេះរបស់ឯកឧត្តម ឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគាំទ្រនានាដែលរដ្ឋាភិបាលជប៉ុនបានផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃដែរ ក្នុងនោះរាប់ទាំងជំនួយផ្នែកសុខាភិបាល ការផ្ដល់កម្ចីសម្រាប់អនុវត្តគោលនយោបាយសង្គម និងការជួយគាំទ្រដល់ការបណ្ដុះបណ្ដាល ធនធានមនុស្ស ជាពិសេស គឺនៅក្នុងក្រសួងមហាផ្ទៃផ្ទាល់។
ពាក់ព័ន្ធដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហាម ក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការរយៈពេល១០ឆ្នាំបន្តទៀត ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខ្លួន ដែលដំណាក់កាលនេះ គឺជាដំណាក់កាលដ៏មានសារៈសំខាន់ ក្នុងការផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសធនធានមនុស្ស។
សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីរីករាយចំពោះគោលបំណងរបស់ជប៉ុន ក្នុងការបន្តជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងសំណូមពរដល់រាជរដ្ឋាភិបាលជប៉ុនបន្តជួយគាំទ្រដល់ផ្នែកនេះ ស្របតាមតម្រូវការ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចំរើន។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពកន្លងមកនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាផងដែរ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
adm

Leave a Reply

Your email address will not be published. Required fields are marked *