ព័ត៌មានជាតិ

ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ : ប្រជាពលរដ្ឋបាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មាន

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាបាល បានច្រានចោលចំពោះការផ្សាយរបស់វិទ្យុបរទេសមួយចំនួនដែលថា ប្រជាពលរដ្ឋខ្មែរអល់អែកមិនចង់ហ៊ានទៅចាក់វ៉ាក់សាំងចិន គឺជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង តែតាមការជាក់ស្តែងប្រជាពលរដ្ឋកំពុងសម្រុកទៅចាក់វ៉ាក់សាំងតាមកម្មវិធីចាក់របស់គណកម្មាធិការចំពោះកិច្ចយ៉ាងស្រាក់សស្រាំគ្មានអល់អែក និងដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មាន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍នៅថ្ងៃទី៧ ខែមិថុនា នេះថា ជាការផ្សាយមិនត្រឹមត្រូវទេ ដែលផ្ទុយពីការពិតទាំងស្រុង។ ប្រជាជនកម្ពុជាបាននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តច្រើនហួសការប៉ាន់ស្មានរបស់ គ.វ.ក-១៩ ទៅទៀត ។ វ៉ាក់សាំងដែលកម្ពុជាបាននិងកំពុងតែប្រើប្រាស់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ គឺសុទ្ធតែជាប្រភេទវ៉ាក់សាំងដែលមានការដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ជាបន្ទាន់របស់អង្គការសុខភាពពិភពលោក។ គ.វ.ក-១៩ នឹងបន្តយុទ្ធនាការចាក់ជូនបងប្អូនយើង ទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខភាពប្រជាពលរដ្ឋទូទៅ និងយកចិត្តទុកដាក់ក្នុងការស្វះស្វែងរកវ៉ាក់សាំងមចាក់ជូនប្រជាពលរដ្ឋ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា “ប្រទេសគេ រកតែវ៉ាក់សាំងចាក់មិនចង់បានផង តែកម្ពុជា មានសម្តេចតេជោ គឺជាភ័ព្វសំណាង ដែលអាចរកវ៉ាក់សាំងបានរាប់លានដូសចាក់ជូនបងប្អូនបានជាងពីរលានប្រាំសែននាក់រួចទៅហើយ ដែលមិនយូរមិនឆាប់ ចំនួនអ្នកចាក់វ៉ាក់សាំងនឹងកើនដល់៣លាននាក់នៅកម្ពុជា។ នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១០ ខែមិថុនា នេះតទៅ យុទ្ធនាការចាក់នឹងបន្តនៅខណ្ឌចំនួន៣ទៀតដែលនៅសេសសល់ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដែល គ.វ.ក-១៩ បានរំពឹងទុកថា នឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញ សម្រាប់ដូសទី១ នៅដំណាច់ខែមិថុនានេះ ហើយឈានទៅបញ្ចប់ការចាក់ដូសទីពីរនៅខែកក្កដាខាងមុខនេះហើយ”។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺការចាក់លើកទី១ បានចំនួន ២.៧៥៤.៣៤១នាក់ និងលើកទី២ បានចំនួន ២.១៨៤.៣០១នាក់។ ចំណែកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម គឺការចាក់លើកទី១. ចំនួន ៩៩០.១០០នាក់ និងលើកទី២. ចំនួន ៧៥២.០៤៩នាក់៕
adm

Leave a Reply

Your email address will not be published. Required fields are marked *