ព័ត៌មាន

កម្ពុជាមានជំនឿថា ឥណ្ឌានឹងផ្គត់ផ្គង់វ៉ាក់សាំង ខណៈកម្ពុជានៅតែត្រូវការវ៉ាក់សាំង ជាចាំបាច់

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានជំនឿយ៉ាងមុតមាំថា ឥណ្ឌា នឹងជួយផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម មកកម្ពុជានាពេលដ៏ខ្លីនេះ ខណៈដែលខណៈកម្ពុជានៅតែត្រូវការវ៉ាក់សាំង ជាចាំបាច់ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ចំនួនទៅតាមផែនដែលបានគ្រោងទុក ក្នុងការប្រឆាំងជាមួយជំងឺកូវិដ១៩។
ក្នុងជំនួបតាមប្រព័ន្ធវីឌីអូ ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោកស្រី Devyan Khobragadeនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ឥណ្ឌានិងនៅតែបន្តរក្សាការសន្យារបស់ខ្លួន ក្នុងកិច្ចសហការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា។ពិសេសលោកស្រី Devyani ដែលកន្លងមកបានខិតខំសហការ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca (Covidshield)ដល់កម្ពុជា។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានសំដែងនូវការចូលរួមរំលែកការលំបាក ដែលប្រជាជនឥណ្ឌាកំពុងប្រឈមនាពេលបច្ចុប្បន្ន ដោយសារការ រាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ-១៩ ហើយសង្ឃឹម និងជឿជាក់ថា កម្ពុជា-ឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធទប់ស្កាត់នៃការរាតត្បាត នៃជំងឺកូវីដ-១៩ និងក៏ដូចជាក្នុងវិស័យអាទិភាពនានា ទោះស្ថិតក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ និងពិភពលោក កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។
ដោយឡែកលោកស្រីឯកអគ្គរដ្ឋទូត Dr. Devyani Khobragade បានអះអាងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកបែបនេះ រដ្ឋាភិបាលឥណ្ឌា នៅតែបន្តរក្សាការសន្យារបស់ខ្លួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ លើការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងខិតខំបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការសម្រួលពាណិជ្ជកម្ម ក្រៅប្រទស ការជំរុញការវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យឌីជីថល តាមរយៈយន្តការនានា ដូចជាយន្តការទ្វេភាគី, យន្តការតំបន់ និងយន្តការឥណ្ឌា-អាស៊ាន ជាដើម។លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ នាពេលកន្លងមក និងបានប្រែក្លាយកម្ពុជាជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយក្នុងស្ថានភាពដ៏លំបាកនេះ លោកស្រីឯកអគ្គរដ្ឋទូត មានបំណងចង់ស្វែងយល់អំពីវិធានការណ៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩។នៅក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩, លោក អូន ព័ន្ធមុនីរ័ត្នបានបញ្ជាក់ទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតយ៉ាងដូច្នោះថា កម្ពុជាបានអនុវត្តនូវវិធានការ «រក្សាស្ថេរភាពសង្គម និងរក្សាភាពរស់រាន មានជីវិតផ្នែកសេដ្ឋកិច្ច របស់ប្រជាជន តាមរយៈកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រប្រជាជន ដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តការបិទខ្ទប់។រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរអំពីការដាក់ឲ្យអនុវត្តកម្មវិធីប្រហាក់ប្រហែលគ្នានេះ នៅក្នុងអន្តរកាលក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដើម្បីជួយដល់ប្រជាជន ងាយរង់គ្រោះអាចសម្របខ្លួនបានឡើងវិញ ក្នុងបរិបទនៃប្រក្រតីភាពថ្មី។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៣,០៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៥,៥៤៤នាក់ និងស្លាប់សរុបចំនួន ២៤២នាក់។ជាមួយគ្នានេះពលរដ្ឋកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងចំនួនជាង២លាននាក់ហើយដែលទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវិដ១៩ ហើយវ៉ាក់សាំងដែលរាជរដ្ឋាភិបាលចាក់ជូនប្រជាជនកម្ពុជាគឺជាប្រភេទវ៉ាក់សាំងអាស្រ្តាសេនេហ្គា ដែលជាជំនួយក្រោមយន្តការកូវ៉ាក់ក្រោមការសម្របសម្រួលរបស់អង្គការសុខភាព វ៉ាក់សាំងស៊ីនូហ្វាម និងស៊ីណូវ៉ាក់ដែលជាជំនួន និងការការបញ្ជារទិញពីប្រទេសចិន៕
adm

Leave a Reply

Your email address will not be published. Required fields are marked *