ព័ត៌មាន

វៀតណាមបានប្រគល់ថវិកាចំនួន២០ម៉ឺនដុល្លា និងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត ដល់ក្រសួងសុខាភិបាល

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ ឯកឧត្តម វូ គ័ងមិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់- ទទួលអំណោយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ នៅទីស្តីការក្រសួងសុខាភិបាល។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណងមិត្ត ភាពជាប្រពៃណីកម្ពុជា-វៀតណាម ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ភាគីមិត្តវៀតណាមបានផ្តល់ជំនួយឥតសំណងជូនក្រសួងសុខាភិបាល រួមមាន ១) សម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួនគឺម៉ាស់វេជ្ជសាស្ត្របីស្រទាប់ អាវពាក់ការពារ (Disposable Scrub Suits) ម៉ាស់វេជ្ជសាស្ត្រស្រទាប់ប្រឆាំងបាក់តេរីនិងតំណក់តូចៗ ឧបករណ៍ធ្វើតេស្តរកមេរោគរួមទាំងកញ្ចប់តេស្ត ២) ថវិកាចំនួន ២០០.០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក។ ថ្ងៃនេះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖
១. ម៉ាស់ចំនួន២លាន
២. ម៉ាស់ N95 ចំនួន ១០០.០០០ (១០ម៉ឺន) ក្នុង ចំណោម ៣០០.០០០ (សាមសិបម៉ឺន) និង
៣. ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន ៨០០គ្រឿង។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានាថ្ងៃនេះ របស់រដ្ឋាភិបាល និងប្រជាជន វៀតណាម សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានបញ្ជាក់កាន់តែច្បាស់អំពីដំណើរឈានទៅសម្រេចបាន ការកសាងសហគមន៍អាស៊ានតមួយ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើវិស័យសុខាភិបាល៕
adm

Leave a Reply

Your email address will not be published. Required fields are marked *