ព័ត៌មាន

សេចក្តីណែនាំការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន ” មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ -១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន ” មានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះគិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ មានបងប្អូនកម្មករ-កម្មការិនីដែលកំពុងបម្រើការងារក្នុងរោងចក្រ៖ ចំនួនប្រមាណ ៥០ នាក់ បានរកឃើញ តេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
ចំពោះមុខ ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរោងចក្រ “ឌីន ហាន ” រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១. សូមបងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅក្នុងទីសំណាក់តែមួយ ដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅ វិទ្យាល័យបឹងត្របែក វិទ្យាល័យបាក់ទូក ឬ សាលាបឋមសិក្សាសុភមង្គល និងត្រូវអនុវត្តវិធាន ចត្តាឡីស័ក ក្នុងរយៈពេល ១៤ ថ្ងៃ ឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
២. ចំពោះកម្មករ-កម្មការិនីទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគ កូវីដ -១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្តដល់និយោជក និងគណៈគ្រប់គ្រង រោងចក្រ គឺមិនត្រូវអនុញ្ញាតឱ្យបុគ្គលទាំងនោះចូលបម្រើការងារឡើយ នៅពេលដែលរោងចក្រនេះ៖ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។
៣. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានកម្មករ-កម្មការិនី នៃរោងចក្រ “ឌីន ហាន ” កំពុង រស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រងត្រូវចុះផ្សព្វផ្សាយជំរុញឱ្យពួកគាត់ទៅយកសំណាក តេស្តរកមេរោគកូវីដ-១៩ និងត្រូវដាក់កម្លាំងគ្រប់គ្រងឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យ បានទាន់ពេលវេលា ដើម្បីធានាថាពូកគាត់ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។
adm

Leave a Reply

Your email address will not be published. Required fields are marked *