ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរអតីតនាយករដ្ឋមន្ត្រីវៀតណាមត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះឯកឧត្តម ង្វៀន សួនហ៊្វុក អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម។ ដោយសម្តេចបានលើកឡើងថាការទទួលបាននូវតំណែងនេះ បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម សួនហ៊្វុក ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ ខែមេសា នេះ បានផ្ញើលិខិតអបអរសាទរជូនចំពឡលោកង្វៀន សួនហ៊្វុក ដែលបក្សកុម្មុយនីស្តវៀតណាមផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានាធិបតីថ្មីរបស់វៀតណាម។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សូមផ្ញើជូននូវការអបអរសាទរយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះការតែងតាំងឯកឧត្តមជាប្រធានាធិបតីវៀតណាម ។ ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្កសមបំផុតសម្រាប់ឯកឧត្តម បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រប់គ្រង និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តទទួលបាននូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរជាតិ។ សូមសម្តែងនូវអំណរអរគុណដ៏ស្មោះជូនចំពោះឯកឧត្តម ដែលបានថែរក្សាពូនផ្តុំនូវចំណងមិត្តភាពជាប្រពៃណី និងធ្វើឲ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ នៅក្នុងអាណត្តិឯកឧត្តមជានាយករដ្ឋមន្ត្រី។ សម្តេចជឿជាក់ថា ទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះ យើងមានតួនាទីផ្សេងគ្នាក៏ដោយ ទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់យើង នឹងនៅតែរឹងមាំ និងបន្តជាកត្តាជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេងជាងមុន។
សម្តេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបន្តវេនរបស់ឯកឧត្តម ដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែង ផ្អែកលើ ស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានាដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការ រាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងសាកលលោកទាំងមូល។
សូមបញ្ជាក់ថា រដ្ឋសភាវៀតណាមនៅថ្ងៃចន្ទ ទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានបោះឆ្នោតតែងតាំងលោក ង្វៀង សួនហ៊្វុក ជាប្រធានាធិបតីជំនួសលោក ង្វៀន ភូជុង។ លោក ង្វៀង សួនហ៊្វុក បានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាមក្នុងសំឡេងគាំទ្រ ៩៧.៥ភាគរយ ហើយការបោះឆ្នោតនេះធ្វើឡើង ក្នុងសម័យប្រជុំលើកទី១១ នៃសភានីតិកាលទី១៤ ។ លោក ង្វៀង សួនហ៊្វុក បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវៀតណាមកាលពីខែមេសា ឆ្នាំ២០១៦។
adm

Leave a Reply

Your email address will not be published. Required fields are marked *