ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ ផ្សារដើមគមិនបិទទេ, អាជីវករទិញដូរបន្លែ ត្រូវមានលិខិតបញ្ជាក់ សម្រាប់ការធ្វើដំណើរ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដោយផ្អាកអាជីវកម្ម និងការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៨ រហូតដល់ម៉ោង ៥ព្រឹក។ វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ នាំឱ្យមានក្តីបារម្ភមួយចំនួនពាក់ព័ន្ធដល់ការចែកចាយ និងការទិញដូរបន្លែនៅផ្សារដើមគ។

ឆ្លើយតបនឹងក្តីបារម្ភនេះ លោក ម៉េត មាសភក្តី បានបញ្ជាក់ ទាំងយប់យ៉ាងដូច្នេះថា «សូមឱ្យគាត់មានលិខិតបញ្ជាក់មក សមត្ថកិច្ចគាត់អត់ចេះទាយ ឬមើលមុខទៅដឹងថា អ្នកនេះអាជីវករផ្សារដើមគ ឬអ្នកនោះលក់នេះ លក់នោះ ប្រធានក្រុមហ៊ុននេះ គេអត់ដឹងទេ។ អ៊ីចឹងមានលិខិតបញ្ជាក់ពីផ្សារ ឬអាជ្ញាធរមូលដ្ឋាន ហើយគាត់កាន់អាហ្នឹងទៅ គាត់ធ្វើដំណើរក្នុងម៉ោងដែលគេហាមឃាត់ គឺគាត់រួចពីអាហ្នឹងហើយ។ គាត់អាចធ្វើដំណើរបានធម្មតាហើយ ឱ្យតែគាត់មានលិខិតបញ្ជាក់ថា គាត់ជាអាជីវករ ជាអីហ្នឹង»។

បើទោះបីជាយ៉ាងណាលោក ម៉េត មាសភក្តី បានទទូចដល់ប្រជាពលរដ្ឋ និងអាជីវករ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងមានការរាតត្បាតនៅក្នុងសហគមន៍។ ក្នុងន័យនេះ លោកបានស្នើឱ្យមានការចូលរួមអនុវត្តនូវសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាត់បន្ថយការធ្វើដំណើរ ការប្រមូលផ្តុំ ដើម្បីឈានទៅកាត់ផ្តាច់ការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍៕

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *